គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ប៉េប៉េអឹមកម្ពុជាៈ អតិថិជនជាង ៣០០ នាក់ចូលរួមអបអរភាពជាដៃគូ «KINAL VIP» ពាក់កណ្តាលឆ្នាំ

កាលបរិច្ឆេទ: ១០ កញ្ញា ២០២៤ / សុខភាព / Author : ATH Sokren

អតិថិជនដែល​ជា​ម្ចាស់ឱសថស្ថានធំៗ ជាង ៣០០ នាក់ ​តំណាងឱ្យ​ឱសថស្ថានជាង​ ១០០ មក​ពី​ទូទាំង​ប្រទេស រួម​ទាំង​ដៃ​គូ​ចែក​ចាយ​ធំៗ​ទាំង​បួន​របស់​ប៉េប៉េអឹម ​បាន​អញ្ជើញ​ចូលរួម​ក្នុង ​«ពិធី​អប​អរ​ភាព​ជា​ដៃ​គូ និង​ភាព​ជោគ​ជ័យ​រវាង​ ប៉េប៉េអឹម​ និង​អតិថិជន «KINAL VIP» ពាក់កណ្តាល​ឆ្នាំ» ដែល​រៀប​ចំឡើង​ដោយ​ក្រុម​ពាណិជ្ជកម្ម របស់​សហគ្រាស​ផលិត​ឱសថ ប៉េប៉េអឹម កាល​ពី​ពាក់កណ្តាល​ខែសីហា កន្លងទៅនៅ​ក្នុង​ភោជនីដ្ឋាន​ដ៏​ធំមួយ​ក្នុង​រាជធានីភ្នំពេញ។​

 លោក​ តិច​ ស៊ីម៉ូ​ នាយក​ផ្នែក​ពាណិជ្ជកម្ម​ និង​ជាតំណាងរបស់​លោកឧកញ៉ាឱសថ​បណ្ឌិត ហៃ លីអ៊ាង ប្រធាន​អគ្គនាយក​ក្រុមហ៊ុន​ សហគ្រាស​ ប៉េប៉េអឹម និង​ខនហ្វីរេល​ បាន​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​នៅ​ក្នុងរាត្រីនេះ គឺចង់​សម្តែង​នូវ​ការ​អរគុណ​ដល់​ដៃគូធំ​ៗ​ទាំង​អស់​ ដែល​តែង​តែ​គាំទ្រនូវ​ផលិត​ផល​របស់​សហគ្រាស​ផលិត​ឱសថប៉េប៉េអឹម ជា​រៀង​រហូត​មក​។ ការ​សហការណ៍គ្នាបាន​ល្អរវាង សហគ្រាស និង​អតិថិជន​នេះ​ហើយ​ទើប​ធ្វើ​ឱ្យយើង​ទទួល​បាន​ជោគជ័យ​ទាំង​អស់គ្នា​នៅ​ថ្ងៃនេះ។​

លោក​តិច ស៊ីម៉ូ​ បាន​គូស​បញ្ជាក់ថា៖ «ជំនឿចិត្ត ភាពជាដៃគូ និង ការគាំទ្រនេះហើយ ដែលជាគ្រឹះដ៏សំខាន់នៃភាពជោគជ័យរបស់យើងមកទល់សព្វថ្ងៃ។ តួយ៉ាងដូចពេលនេះដែលយើងទាំងអស់គ្នាបានជួបបញ្ហាសេដ្ឋកិច្ចមិនសូវសមប្រកបតាំងពីឆ្នាំទៅ (២០២៣) តែយើងអាចនិយាយថា ជាមួយនឹងស្ថានភាពដ៏​ពិបាកនេះ ក៏យើងនៅតែអាច​ជំនះបញ្ហាបាន ហើយបាននាំមក​នូវ​លទ្ធផលល្អសមរម្យមួយ។ ភាពជោគជ័យនៅ​ថ្ងៃនេះ កើតមាន​មាន​ឡើង​ដោយ​សារតែមាន​ការរួមចំណែកយ៉ាង​ធំពីដៃគូពាណិជ្ជកម្មទាំងអស់ដែលមានវត្តមាននៅទីនេះ»។

លោក​តិច​ ស៊ីម៉ូបាន​បន្តថា ជាមួយ​នឹង​ភាពជោគជ័យនៅ​សព្វថ្ងៃធ្វើឱ្យ​យើងនឹកឃើញ​ដល់អតីតកាល កាល​ពី​ជិត៣០ឆ្នាំមុន ដែល​លោក​ឱកញ៉ាឱសថបណ្ឌិត​ហៃ លីអ៊ាង​បាន​បង្កើត​សហគ្រាស​ផលិត​ឱសថប៉េប៉េអឹម​ដំបូង​ដែលមានទីតាំងនៅក្នុង​កូនវីឡាតូច​មួយនៅខណ្ឌទួលគោក។ តែដោយ​សារ​តែលោក​មានទស្សនៈវិស័យធំហើយច្បាស់ណាស់ បាន​ធ្វើ​ឱ្យ​សហគ្រាស​ផលិត​ឱសថប៉េប៉េអឹម ក្លាយ​ទៅ​ជា​សហគ្រាស​ផលិត​
ឱសថមួយ​ធំ​ជា​ងគេនៅ​ក្នុង​ប្រទេស​កម្ពុជា។

មិនតែប៉ុណ្ណោះ ផលិត​ផល​របស់​ប៉េប៉េអឹម​ក៏​មាន​ភាពល្អីល្បាញ​ផង​ដែរ​នៅ​លើ​​ទីផ្សារ​អន្តរ​ជាតិ ជា​ពិសេស​ទីផ្សារនៃ​បណ្តា​ប្រទេស​អាហ្វ្រិក​និយាយ​ភាសាបារាំងមាន​ការគាំទ្រាំ​យ៉ាង​ខ្លាំង​នូវ​គ្រប់​ផលិតផលរបស់ប៉េប៉េអឹម​ ដែល​ធ្វើ​ឱ្យ​សហគ្រាស​យើង​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ក្រុមហ៊ុន​ឱសថធំជាង​ ៦០០ ក្រុមហ៊ុន​នៅ​ទីនោះ ហើយ​ប៉េប៉េអឹម​បានជាប់​ចំណាត់​ថ្នាក់​លេខ​ ១៥ ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងអស់នោះ។​

មុននឹង​បញ្ចប់​សន្ទរកថា លោក​តិច​ ស៊ីម៉ូ មិន​ភ្លេច​រំលឹក​ដល់​អតិថិជន​ទាំង​អស់​ថា នៅ​ឆ្នាំ​ ២០២៥-២០២៦ ខាងមុខ​ ប៉េប៉េអឹម​នឹងមាន​ផលិត​ផលថ្មីៗមួយ​ចំនួន​ទៀត​នឹង​ចេញ​លក់​នៅ​លើទីផ្សារ ដែល​ជា​ផលិត​ផល​ផ្សំឡើង​ពីវត្ថុធាតុដើម​ក្នុង​ស្រុក និង​មាន​ការ​ចូលរួម​សិក្សាស្រាវ​ជ្រាវ​ដោយ​ផ្ទាល់​ពីលោក​ប្រធាន​អគ្គនាយក​ និង​ក្រុមសិក្សាស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​របស់​ប៉េប៉េអឹម។
បន្ទាប់​ពី​បាន​ពិសា​អាហារ​ពេល​ល្ងាចរួម​គ្នា​យ៉ាង​សប្បាយរីករាយជុំ​គ្នា​រួចមក​ អតិថិជន​ទាំង​អស់​ក៏​មាន​ឱកាសក្នុង​ការ​ផ្សេង​សំណាង​ជាមួយ​នឹង​សន្លឹក​ឆ្នោត​របស់​ខ្លួន​ ជាមួយ​នឹង​រង្វាន់​ជា​ច្រើន​ដែល​ក្រុមការងារ​ពាណិជ្ជកម្ម​បាន​រៀប​ចំ។ បើតាម​គម្រោង​ការជួប​ជុំ​បែប​នេះនឹង​ធ្វើ​ឡើង​ម្តង​ទៀត​នៅ​ដើមឆ្នាំ ២០២៥ នៅ​ក្នុង​រាជធានីភ្នំពេញ សម្រាប់​អតិថិជន​នៅ​ទីក្រុង​ភ្នំពេញ ខេត្ត​កណ្តាល​ កំពង់ឆ្នាំ​ និង​កំពង់ស្ពឺ និង​នៅ​តាម​តំបន់ចំនួន​ ៥ ធំៗ ក្នុង​បណ្តាខេត្តមួយ​ចំនួន​ ដែល​ក្នុង​នោះតំបន់កំពង់​ចាម សម្រាប់​អតិថិជន​ក្នុង​ខេត្តកំពង់ចាម ព្រៃវែង ស្វាយ​រៀង ត្បូង​ឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌិលគិរី និង​រតនគិរី។ តំបន់សៀមរាប សម្រាប់​អតិថិជន​ក្នុងខេត្តសៀមរាប កំពង់ធំ , ព្រះវិហារ​ និង​ឧត្តមាន​ជ័យ, តំបន់​បន្ទាយមាន​ជ័យ​ សម្រាប់​អតិថិជន​ក្នុង​ខេត្តបន្ទាយមាន​ជ័យ​ និង​ក្រុងប៉ោយ​ប៉ែត , តំបន់បាត់​ដំបង​ សម្រាប់អតិថិជន​នៅ​ក្នុងខេត្តបាត់ដំបង ពោធិសាត់ និង​ប៉ៃលិន និង​ចុងក្រោយ​តំបន់​កំពត់សម្រាប់​អតិថិជន​ខេត្តកំពត កែប តាកែវ កោះកុង និង​ខេត្ត​ព្រះសីហនុ៕​​